ប្រធានបទ៖ តើខ្មែរក្រហមជានរណា? តើខ្មែរក្រហមឡើងកាន់អំណាចដោយរបៀបណា?
របាយការណ៍សកម្មភាពគម្រោង
ភា រស្មី៖ បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង
រូបថត៖ ង៉ាន់ វីន
ប្រសិនបើត្រឡប់ទៅមើលអតីតកាល ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ គឺជាថ្ងៃដែល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ ហើយប្រទេសចាប់ផ្ដើមមានសង្រ្គាម។ ការធ្វើរដ្ឋប្រហាររបស់ លោក លន់ នល់ និងការអំពាវនាវរបស់សម្ដេច សីហនុ ឲ្យប្រជាជនចូលព្រៃម៉ាគី បានធ្វើឲ្យប្រជាជនរត់ចូលធ្វើបដិវត្តន៍ជាច្រើននាក់ ហើយក៏ជាមូលហេតុធ្វើឲ្យរបបខ្មែរក្រហមឡើងកាន់អំណាចយ៉ាងឆាប់រហ័សដែរ។ បើរាប់ពីឆ្នាំ១៩៧០ មកទល់នឹងបច្ចុប្បន្ននេះ គឺមានរយៈពេល៥៣ឆ្នាំមកហើយ។ លោកគ្រូប្រវត្តិវិទ្យាបង្រៀននៅវិទ្យាល័យ សុខអាន ដូងខ្ពស់ បុរីជលសារ ឈ្មោះ ឌូ សុង បានប្រាប់ឲ្យដឹងថា មេរៀនប្រវត្តិសាស្ត្ររបបសាធារណរដ្ឋខ្មែរ ទើបត្រូវបានបញ្ចប់ការបង្រៀននៅពេលថ្មីៗនេះទេ ហើយគាត់កំពុងរៀបចំកិច្ចតែងការបង្រៀនសម្រាប់ការបង្រៀនប្រវត្តិសាស្ត្រខ្មែរក្រហមនៅក្នុងខែបន្ទាប់ទៀត។ យុវសិស្សចំនួនបីនាក់គឺ ភោន ហ៊ុយ (ប្រុស), សារី ស៊ីមា៉ (ស្រី) និង សារី យិស្មី (ស្រី) បានប្រាប់ថា ខ្លួនបានដឹងថាមានរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ទម្លាក់ព្រះអង្គម្ចាស់ នរោត្តម សីហនុ ដោយសេនាប្រមុខ លន់ នល់ តាមរយៈគ្រូបង្រៀន។ អ្នកទាំងបីបានបង្ហាញពីការចង់ចេះចង់ដឹងបន្ថែមថា ខ្លួនចង់ដឹងព្រឹត្តិការណ៍ច្រើនទៀតដែលនាំដល់ការកកើតរបបខ្មែរក្រហម។ លោកគ្រូ ឌូ សុង បាននិយាយទាំងទឹកមុខរីករាយដូច្នេះថា «ខ្ញុំសប្បាយរីករាយណាស់ ដែលសិស្សរបស់ខ្ញុំមានឱកាសបានមកចូលរួមធ្វើទស្សនកិច្ចសិក្សា និងចូលរួមនៅក្នុងការរៀបចំវេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។ ខ្ញុំក៏កំពុងតែត្រៀមលក្ខណៈសម្រាប់ការបង្រៀនមេរៀននេះនៅខែក្រោយនេះដែរ។ សិស្សរបស់ខ្ញុំនៅមិនទាន់មានចំណេះដឹងពីប្រវត្តិសាស្ត្រខ្មែរក្រហមទេ។ ខ្ញុំសង្ឃឹមថា វេទិកានេះនឹងជួយសិស្សរបស់ខ្ញុំឲ្យទទួលបានចំណេះដឹងច្រើនពីប្រវត្តិសាស្ត្រខ្មែរក្រហម ជាពិសេសពីលោកគ្រូផ្ទាល់តែម្តង»។
នៅវេលាម៉ោងប្រមាណ៨ព្រឹកនាថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានទទួលស្វាគមន៍ចំពោះវត្តមានសិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យ សុខ អាន ដូងខ្ពស់ បូរីជលសារ ចំនួន២៤នាក់ (ស្រី១៧នាក់) ក្រោមការដឹកនាំពីគ្រូបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យាចំនួន២នាក់ ក្នុងដំណើរទស្សនៈកិច្ចសិក្សាមកកាន់មជ្ឈមណ្ឌលឯកសារខេត្តតាកែវ និងចូលរួមក្នុងវេទិកាថ្នាក់រៀនចុងសប្តាហ៍ រៀបចំដោយមជ្ឈមណ្ឌលឯកសារខេត្តតាកែវ។ សិស្សានុសិស្សបានចូលទស្សនាពិព័រណ៍រូបថតនៅក្នុងបរិវេណមជ្ឈមណ្ឌល ឯកសារខេត្តតាកែវ អមជាមួយការពន្យល់បន្ថែមពីលោក ផេង ពង្សរ៉ាស៊ី ជានាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវផង។
នៅវេលាម៉ោងប្រមាណ៨នឹង១៥នាទី ក្រុមយុវជនបានចូលទៅកាន់បន្ទប់ថ្នាក់រៀន ដើម្បីចូលរួមនៅក្នុងវេទិកាពិភាក្សាអំពីប្រធានបទ «តើខ្មែរក្រហមជានរណា? តើខ្មែរក្រហមឡើងកាន់អំណាចដោយរបៀបណា?»។ ដំបូង សិស្សានុសិស្សត្រូវបានណែនាំឲ្យបំពេញតារាងស្ទាបស្ទង់មតិដើម្បីវាស់ស្ទង់ចំណេះដឹងមុនពេលចាប់ផ្តើម វេទិកា ។ បន្ទាប់មកទៀត គ្រូឧទ្ទេសចាប់ផ្ដើមការពិភាក្សាពីប្រធានបទ «តើខ្មែរក្រហមជានរណា? តើខ្មែរក្រហមឡើងកាន់អំណាចដោយរបៀបណា?»។ ដោយមូលហេតុប្រធានបទនេះ មានទម្រង់ជាសំណួរស្រាប់ គ្រូឧទ្ទេសបានសួរសំណួរទាំងនេះទៅកាន់សិស្សតែម្តង ដើម្បីចង់ដឹងពីការឆ្លើយតបមកវិញចំពោះការយល់ដឹងពីមុនពីប្រធានបទនេះ។ គ្រូឧទ្ទេសសួរសំណួរទី១៖ តើខ្មែរក្រហមជានរណា? ទៅកាន់អ្នកចូលរួម។ ពុំមានអ្នកចូលរួមណាម្នាក់ឆ្លើយសំណួរនេះទេ។ ប្រហែល៥នាទីក្រោយមក គ្រូឧទ្ទេសបន្តសំណួរទី២៖ តើខ្មែរក្រហមឡើងកាន់អំណាចដោយរបៀបណា? សំណួរនេះ ក៏គ្មានអ្នកឆ្លើយដែរ។ បន្ទាប់មក គ្រូឧទ្ទេសបានចាប់ផ្ដើមពន្យល់ពីការបង្កើតចលនាខ្មែរឥស្សរៈនៅក្នុងទសវត្សរ៍ឆ្នាំ១៩៤០, ការបង្កើតបក្សប្រជាជនបដិវត្តន៍ខ្មែរឆ្នាំ១៩៥១, និងការផ្លាស់ប្ដូរឈ្មោះបក្សជាបន្តបន្ទាប់ រហូតទាល់តែខ្មែរក្រហមអាចដណ្តើមកាន់កាប់ប្រទេសកម្ពុជាបាននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ក្នុងការពិភាក្សានេះផងដែរ គ្រូឧទ្ទេសក៏បានពន្យល់យ៉ាងក្បោះក្បាយពីការរីកចម្រើនរបស់ក្រុមបដិវត្តន៍ដែលរស់នៅក្នុងព្រៃ ដោយមូលហេតុពីរយ៉ាងគឺ៖ ទី១ដោយសារមានព្រឹត្តិការណ៍ទម្លាក់គ្រាប់បែក និងទី២ដោយសារការគោរពស្រឡាញ់របស់ប្រជាជនទៅលើសម្ដេចព្រះ នរោត្តម សីហនុ។
នៅវេលាម៉ោងប្រមាណ១១កន្លះ សកម្មភាពវេទិកាថ្នាក់រៀនត្រូវបានបញ្ចប់ បន្ទាប់ពីគ្រូឧទ្ទេសធ្វើបទបង្ហាញបន្ថែមពីនិយមន័យនៃអំពើប្រល័យពូជសាសន៍ និងវិធីសាស្ត្រទប់ស្កាត់អំពើប្រល័យពូជសាសន៍រួច។ ចុងបញ្ចប់នៃកម្មវិធីវេទិកា គឺជាការវាស់ស្ទង់ចំណេះដឹងសិស្សក្រោយការទទួលបានចំណេះដឹងថ្មី និងការពិភាក្សាពីចម្ងល់ដែលមាន។ ក្រៅពីសំណួរទាក់ទងនឹងប្រធានបទ គ្រូឧទ្ទេសក៏បានផ្តល់ឱកាសឲ្យមានការសួរសំណួរដែលទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហមទាំងមូលដែរ។ សិស្សានុសិស្សចំនួន៦នាក់ បានសួរសំណួរទៅកាន់គ្រូឧទ្ទេស ដែលសំណួរទាំងនោះទាក់ទងនឹងការកើតមាននិងការបញ្ចប់សង្គ្រាមស៊ីវិល, មូលហេតុនៃការជ្រើសរើសយក សាឡុត ស ធ្វើជាលេខាបក្សជំនួស, ការស្លាប់របស់ ប៉ុល ពត, សុន សេន និង វន វ៉េត, និងការបណ្តេញជនជាតិវៀតណាមចេញរបស់ខ្មែរក្រហម។
ក្នុងពេលជាមួយគ្នានេះដែរ យុវសិស្សបីនាក់បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនបន្ទាប់ពីបានចូលរួមនៅក្នុងវេទិកាពិភាក្សានេះថា ខ្លួនបានរៀនសូត្រច្រើនគួរសមទាក់ទងនឹងព្រឹត្តិការណ៍រដ្ឋប្រហារ ការកើតមានសង្គ្រាមស៊ីវិល ការទម្លាក់គ្រាប់បែក ការកើតមានរបបខ្មែរក្រហមដែលនាំឲ្យមានការបិទសិទ្ធិសេរីភាពប្រជាជន និងវិធីសាស្ត្រទប់ស្កាត់អំពើប្រល័យពូជសាសន៍។ ខាងក្រោមនេះជាសម្តីផ្ទាល់របស់យុវសិស្សទាំងបី៖