នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៣ អង្គភាពសហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី តាមរយៈការិយាល័យរដ្ឋបាលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានផ្ញើលិខិតមួយច្បាប់ទៅកាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នើសុំសេចក្តីសម្រចរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការរៀបចំគម្រោងសំណងសម្រាប់ដើមបណ្តឹងរដ្ឋប្បវេណី ចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងសំណុំរឿង០០២ ដោយយោងតាមវិធាន២៣ ស្ទួនបួន នៃវិធានផ្ទៃក្នុងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ស្តីពីបណ្តឹងទាមទារសំណងរបស់ដើមបណ្តឹងរដ្ឋប្បវេណី។ នៅក្នុងការអធិប្បាយរបស់លិខិតនេះ អង្គភាពសហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី បានបញ្ជាក់ពីសារសំខាន់នៃការបង្កើតគម្រោងសំណងមួយចំនួនថា ជាគោលដៅស្តារកិត្តិយស សេចក្តីថ្លៃថ្នូរ ប៉ះប៉ូវការឈឺចាប់ផ្លូវចិត្ត រំឮកដល់អ្នកដែលបាត់បង់ជីវិតក្រោមរបបខ្មែរក្រហម លើកកម្ពស់ការយល់ដឹង និងការស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម ព្រមទាំងធានាដល់ការទប់ស្កាត់ការវិលត្រឡប់នៃអំពើប្រល័យពូជសាសន៍នាពេល អនាគត។ ក្នុងចំណោមគម្រោងសំណងធំៗទាំងបីដែលបានស្នើ គម្រោងសំណងចំនួនពីរបង្ហាញពីការបង្កើនគុណភាពអប់រំស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហមនៅតាមសហគមន៍ និងស្ថាប័នអប់រំថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដូចជា «ការស្នើសុំឲ្យដាក់បញ្ចូលជាផ្លូវការនូវកម្មវិធីសិក្សាអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ទៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា» និង «ការកំណត់ទីតាំងសម្រាប់ការបង្កើតបណ្ណាល័យ ឬមជ្ឈមណ្ឌលឯកសារ នៅតាមស្ថាប័នអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា។