វេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្ដីពី«ការសិក្សាប្រវត្ដិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ
និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា»
រឹម ស្រីស្រស់ និង ង៉ាន់ វីន៖ បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ
សេចក្តីផ្តើម
នៅសល់រយៈពេលត្រឹមតែ១៦ថ្ងៃទៀតប៉ុណ្ណោះ ដែលសិស្សានុសិស្សថ្នាក់ទី១២ទាំងអស់ នឹងត្រូវចូលរួមប្រឡងថ្នាក់ជាតិបញ្ចប់ការសិក្សាកម្រិតទុតិយភូមិ។ ដើម្បីបានស្វែងយល់កាន់តែច្បាស់ថែមទៀតពីប្រវត្តិសាស្ត្រខ្មែរក្រហម សិស្សានុសិស្សមកពីវិទ្យាល័យ ក្រាំងស្លា បានស្នើសុំឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តតាកែវ បើកវគ្គបំប៉នដល់ពួកគាត់ពីមាតិកាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ។
នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ សិស្សានុសិស្សចំនួន៤០នាក់ (ស្រី២២នាក់) មកពីវិទ្យាល័យក្រាំងស្លា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានមកកាន់មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តតាកែវ ដើម្បីទទួលបានការពិភាក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហម។ គោលបំណងសំខាន់បំផុតក្នុងការរៀបចំវេទិកានេះឡើង គឺមិនត្រឹមតែផ្តល់លទ្ធភាពដល់យុវជនជំនាន់ក្រោយឲ្យស្វែងយល់កាន់តែស៊ីជម្រៅពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ពីការរឹះរកវិធីទប់ស្កាត់ដើម្បីកុំឲ្យរបបកម្ពុជាប្រជាធិបតេយ្យនេះកើតឡើងជាលើកទីពីរ។ ដើម្បីបម្រើដល់គោលបំណងដូចបានរៀបរាប់ខាងលើ វេទិកាថ្នាក់រៀននេះ អនុវត្តតាមរបៀបវារៈសំខាន់ៗ៣ចំណុចគឺ៖ ទី១) ផ្តល់ចំណេះដឹងបន្ថែមទាក់ទងនឹងប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ, ទី២) ពិភាក្សាពីវិធានការនានាដើម្បីទប់ស្កាត់ការវិលត្រឡប់នៃរបបខ្មែរក្រហម និងទី៣) បំផុសស្មារតីឲ្យសិស្សានុសិស្សចេះអត់ឱន និងអធ្យាស្រ័យគ្នា។
របាយការណ៍នេះ នឹងរៀបរាប់ពីសកម្មភាពវេទិកាថ្នាក់រៀនដែលបានរៀបចំឡើងនៅពេលព្រឹក ដំណើរទស្សនកិច្ចសិក្សាដែលបានរៀបចំឡើងនៅពេលរសៀល និងចំណាប់អារម្មណ៍របស់សិស្សានុសិស្សចំពោះវេទិកាថ្ងៃនេះទាក់ទងនឹងចំណេះដឹងដែលទទួលបានពីការចូលរួមក្នុងវេទិកាថ្នាក់រៀន។