ខ្ញុំបាទឈ្មោះ សៅ ញ៉ុង ភេទប្រុស អាយុ៧២ឆ្នាំ មានទីកន្លែងកំណើតនៅ ភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្នរស់នៅក្នុង ភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ក្នុងនោះប្រុស៤នាក់ ស្រី៥នាក់ ហើយខ្ញុំជាកូនប្រុសទី២ក្នុងគ្រួសារ។ កាលពីកុមារភាពក្នុងសម័យសង្គមរាស្រ្តខ្ញុំបានរៀនសូត្រខ្លះដែរគឺរៀនបានត្រឹមថ្នាក់ទី៩ពី(សង្គមចាស់)។ បន្ទាប់មកទៀតខ្ញុំក៏បានឈប់រៀនដោយសារតែប្រទេសជាតិមានភាពចលាចលកើតមានរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ ពីតំណែង ដោយសេនាប្រមុខ លន់ នល់។ កាលណោះគ្រួសារខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការសម្រាប់ផ្គត់ផ្គង់ជីវភាព។ ចំពោះផលដំណាំក្នុងសម័យនោះទទួលបានទិន្នផលល្អខ្លាំងណាស់ រីឯទំនាក់ទំនងប្រជាជនវិញក៏មានការចេះជួយយកអាសារគ្នាស្រឡាញ់រាប់អានគ្នាទៅវិញទៅមកដូចបងប្អូនរួមផ្ទៃអ៊ីចឹង។ ប៉ុន្តែបន្ទាប់ពីប្រទេសកើតមានសង្រ្គាម ប្រជាជនម្នាក់ៗរងទុក្ខលំបាក វេទនា ព្រាត់ប្រាស់គ្រួសារ រស់នៅគ្មានសិទ្ធសេរីភាព គ្មានការហូបចុកគ្រប់គ្រាន់ ខ្លះស្លាប់ដោយសារស្រេកឃ្លានក៏មាន ឯខ្លះទៀតស្លាប់ដោយសារតែធ្វើការបាក់កម្លាំងធ្លាក់ខ្លួនឈឺគ្មានថ្នាំព្យាបាលត្រឹមត្រូវក៏មាន។ ជាក់ស្តែងឪពុករបស់ខ្ញុំ បានស្លាប់ដោយសារខ្វះអាហារហូបចុក។ ក្រោយឆ្លងកាត់របបខ្មែរក្រហមមកបានបន្សល់ទុកនូវអតីតកាល ភាពឈឺចាប់ដែលមិនអាចបំភ្លេចបាន មួយផ្នែកធំទៀតក៏បានបន្សល់ទុកនូវជំងឺប្រចាំកាយមកដល់បច្ចុប្បន្ននេះ។
កាលពីពេលកន្លងទៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងបានរៀបចំកម្មវិធីពិនិត្យសុខភាពជូនប្រជាជនដោយឥតគិតថ្លៃចំនួន១០០នាក់ នៅក្នុងវត្តអន្លង់វែង ដោយខ្ញុំក៏បានទៅចូលរួមជាមួយគ្នាដែរ។ មុនពេលដែលខ្ញុំធ្វើការចូលរួមពិនិត្យសុខភាពខ្ញុំមិនសូវរឹងមាំទេ ឧស្សាហ៍ឈឺស្កាត់ណាស់ ហើយក៏មិនបានយល់ដឹងពីវីធីទប់ស្កាត់អីដែរ មានជំងឺដូចជា រលាក់បំពងក តម្រងនោម។ បន្ទាប់ពីគ្រូពេទ្យពិនិត្យជូនរួចជាលទ្ធផលរកឃើញថាខ្ញុំមានប៉ះពាល់ជាមួយសរសៃខួរក្បាល ដោយសារតែពីមុនខ្ញុំធ្លាប់រងទង្គិចជាមួយនឹងក្បាលច្រើន ហើយនិងជំងឺក្រពះពោះវៀន។ គ្រូពេទ្យក៏បានធ្វើការណែនាំនិងចេញសំបុត្រថ្នាំពេទ្យដល់ខ្ញុំទាក់ទងជាមួយនឹងបញ្ហាសុខភាពរបស់ខ្ញុំដោយហាមមិនឲ្យហូបចុកអាហារផ្តេសផ្តាសដូចជា អាហារផ្អាប់ ជូរហឹរ គ្រឿងសមុទ្រ ភេសជ្ជៈនិងអាហារកំប៉ុងជាដើមរួមជាមួយការណែនាំឲ្យធ្វើលំហាត់ប្រាណដើម្បីសុខភាពនិងសម្រួលសរសៃ បន្ថែមលើនិងក៏ពន្យល់ពីរបបអាហារផងដែរ។ ឆ្លងកាត់ការពិនិត្យនិងទទួលបានការណែនាំពីគ្រូពេទ្យខ្ញុំបានអនុវត្តន៍តាមយ៉ាងខ្ជាប់ខ្ជួនទាំងរបបអាហារដោយហូបចុកអាហារមានជីវជាតិ ជៀសវាងអាហារដែលពេទ្យហាមប្រាម ព្រមទាំងបានធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ។ ជាលទ្ធផលបច្ចុប្បន្នខ្ញុំបានធូរស្រាលពីជំងឺប្រចាំកាយរបស់ខ្ញុំហើយព្រមទាំងមានសុខភាពរឹងមាំជាងមុនច្រើន ។
ជាចុងក្រោយខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងដែលបានរៀបចំកម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃនេះឡើងក៏ដូចជាបានជួយអោយខ្ញុំធូស្បើយពីជំងឺប្រចាំកាយរបស់ខ្ញុំ។ ចំពោះខ្ញុំផ្ទាល់យល់ឃើញថាកម្មវិធីនេះពិតជាល្អណាស់ដោយបានជួយដល់ប្រជាជនដែលខ្វះខាតនិងមានការយល់ដឹងតិចតួចពីបញ្ហាសុខភាព។ ខ្ញុំពិតជាចង់ឲ្យមានការរៀបចំកម្មវិធីនេះឡើងជាបន្តបន្ទាប់ដើម្បីជួយដល់ប្រជាជនផ្សេងៗបានយល់ដឹងពីបញ្ហាសុខភាពឲ្យបានច្រើនព្រោះសុខភាពគឺសំខាន់ខ្លាំងណាស់។