GENOCIDE EDUCATION, GENOCIDE PREVENTION. Weekend Classroom Forum for Youths on the History of Democratic Kampuchea (1975-1979) on August 12th, 2022. Anlong Veng Peace Center.
Aug 13 – 22, 2022
Documentation Center of Cambodia (Owner)
sout vechet
ទោង សៀងហៃ៖ ការមិនរើសអើងគ្នាគឺជាការទប់ស្កាត់អំពើប្រល័យពូជសាសន៍ អត្ថបទដោយ សួត វិចិត្រ អ្នកស្រាវជ្រាវ​នៃមជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង វេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» របស់មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានរៀបចំឡើងសម្រាប់សិស្សានុសិស្សចំនួន១៤នាក់ (ស្រី៧នាក់ និងប្រុស៧នាក់) នៃវិទ្យាល័យហ៊ុន សែន ត្រពាំងប្រាសាទ នៅក្នុងខែសីហា ឆ្នាំ២០២២នេះ ដើម្បីលើកកម្ពស់ការយល់ដឹង និងការចងចាំប្រវត្ដិសាស្រ្ដខ្មែរក្រហម ព្រមទាំងទប់ស្កាត់អំពើប្រល័យពូជសាសន៍។ កន្លងមក មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងបានរៀបចំវេទិកាបែបនេះជាមួយយុវជនប្រមាណជិត៥០០នាក់ហើយ គិតចាប់ពីខែតុលា ឆ្នាំ២០១៩មក នៅតាមបណ្ដាវិទ្យាល័យក្នុងស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ។ លោកបណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានចាប់ផ្ដើមវេទិកាប្រវត្ដិសាស្រ្ដ ដោយផ្ដល់ឳកាសជូនសិស្សានុសិស្សសរសេរសំណួរដែលខ្លួនចង់ដឹងបំផុតពីរបបខ្មែរក្រហមម្នាក់មួយសំណួរ។ សំណួរសំខាន់ៗរបស់ខ្លួនដែលត្រូវយកមកពិភាក្សារួមមាន៖ ១) ហេតុអ្វីបានជារបបខ្មែរក្រហមធ្វើការជិះជាន់ និងសម្លាប់ប្រជាជនឯង? ២) តើខ្មែរក្រហមចង់បានអ្វីពិតប្រាកដ ទើបបណ្ដាលជំនាន់នោះធ្លាក់ទៅរកចំណុចសូន្យទាំងវប្បធម៌ និងអរិយ្យធម៌របស់ជាតិ? ៣) ហេតុអ្វីបានជាខ្មែរក្រហមដាក់ឈ្មោះរបបរបស់ខ្លួនថាជារបបកម្ពុជាប្រជាធិបតេយ្យ? ៤) ហេតុអ្វីបានជាខ្មែរក្រហមដាក់ទណ្ឌកម្មប្រជាជននិងសម្លាប់ប្រជាជនខ្លួនឯងទាំងដឹងថាប្រជាជនរបស់ខ្លួនជាកត្តាសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សង្គម? ៥) តើរបបខ្មែរក្រហមបានផ្ដល់ផលវិបាកអ្វីខ្លះដល់ប្រជាជនកម្ពុជា? ៦) ហេតុអ្វីបានទ័ពព្រៃរបស់ខ្មែរក្រហមអាចផ្ដួលរំលំរបប លន់ នល់? សំណួរខាងលើនេះ បានបង្កើតនូវបរិយាកាសពិភាក្សា និងចែករំលែកចំណេះដឹងពីគ្នាទៅវិញទៅមក។ ភាពយន្តឯកសារ «មន្ទីរស-២១ ឬគុកទួលស្លែង» ត្រូវបានចាក់បញ្ចាំង ដើម្បីផ្ដល់មូលដ្ឋានដល់សិស្សក្នុងការស្វែងយល់ពីស្ថានភាពដែលបានកើតឡើងទៅលើអ្នកទោសប្រមាណជិត២ម៉ឺននាក់ ដែលជាប់ឃុំឃាំង និងទទួលរងទារុណកម្មនៅក្នុងមន្ទីរស-២១ ឬគុកទួលស្លែង។ ភាពយន្តឯកសារនេះ ត្រូវបានថតដោយអ្នកថតរូបជនជាតិវៀតណាមម្នាក់ឈ្មោះ ហូ វ៉ាន់តាយ ក្នុងពេលបំពេញបេសកកម្មជាមួយកងទ័ពវៀតណាមនៅក្នុងទីក្រុងភ្នំពេញ រយៈពេលប្រមាណតែបីថ្ងៃប៉ុណ្ណោះក្រោយទទួលជ័យជម្នះក្នុងខែមករា ឆ្នាំ១៩៧៩។ បទបង្ហាញក៏បានផ្តោតលើផែនទីវាលពិឃាត និងរណ្ដៅសាកសពរួម ដែលរកឃើញដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ប្រមាណ៣៩០កន្លែង រួមមានជិត២ម៉ឺនរណ្ដៅ នៅទូទាំងប្រទេសកម្ពុជា។ ចុងបញ្ចប់នៃវេទិកាថ្នាក់រៀននេះក៏បានផ្តោតលើវិធីសាស្រ្ដទប់ស្កាត់អំពើប្រល័យនៅក្នុងកម្រិតបុគ្គលម្នាក់ៗ គ្រួសារ សហគមន៍ និងប្រទេសជាតិ។ បុគ្គលម្នាក់ៗអាចទប់ស្កាត់អំពើហិង្សា និងអំពើប្រល័យពូជសាសន៍ ដោយធ្វើការបដិសេធ និងលើកទឹកចិត្ដឲ្យមានដំណោះស្រាយដោយសន្ដិវិធីចំពោះជម្លោះ និងការទិតៀន ឬនិយាយប្រឆាំងនឹងអំពើហិង្សា។ រីឯកម្រិតសហគមន៍វិញ គឺការពារសិទ្ធិជាបុគ្គលរបស់សមាជិកក្នុងសហគមន៍ដោយមិនគិតពីពណ៌សម្បុរ និន្នាការនយោបាយ និងត្រូវចេះបង្រៀនយុវជនឲ្យស្រឡាញ់ភាពសម្បូរបែបរបស់មនុស្សតាមរយៈការអប់រំពីភាពខុសគ្នានៃវប្បធម៌ សាសនា និងសហគមន៍។ ចំណែកឯប្រទេសជាតិ គឺត្រូវលើកកម្ពស់នូវការអប់រំ ទំនាក់ទំនងការទូត និងការកំណត់អត្ដសញ្ញានានា និងទិតៀនជាសាធារណៈពីកាលៈទេសៈដែលនាំឲ្យមានការគាំទ្រអំពើប្រល័យពូជសាសន៍។ ក្រោយពីបានចូលរួមវេទិកាថ្នាក់រៀននេះហើយ យ៉េង ពុទ្ធិដា ភេទស្រី អាយុ១៩ឆ្នាំ មានចំណាប់អារម្មណ៍ថា៖ «ខ្ញុំបានរៀនសូត្រពីព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដដូចជាយល់ពីអំណាចផ្ដាច់ការរបស់អង្គការខ្មែរក្រហម ការធ្វើទារុណកម្ម និងឧក្រិដ្ឋកម្មឃោរឃៅអមនុស្សធម៌ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ អំពើពុករលួយ និងទ្រឹស្ដីរបស់ខ្មែរក្រហម (ភាពខុសគ្នារវាងទ្រឹស្ដី និងការអនុវត្ដន៍)។ ប្រសិនបើ ឧក្រិដ្ឋកម្មឃោរឃៅនេះកើតឡើងមែន ខ្ញុំគិតថាវានឹងបំផ្លាញជីវិតប្រជាជន វិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យវប្បធម៌ កសិកម្ម សុខាភិបាល អប់រំ និងធ្វើឲ្យប្រទេសជាតិគ្មានការរីកចម្រើន និងបាត់បង់តុល្យភាពសង្គម។ ក្នុងនាមខ្ញុំជាយុវជនជំនាន់ក្រោយ ដើម្បីចូលរួមទប់ស្កាត់ការកកើតឧក្រិដ្ឋកម្មឃោរឃៅនាពេលអនាគត ខ្ញុំនឹងចូលរួមដោះស្រាយបញ្ហាដោយសន្ដិវិធី ខិតខំប្រឹងប្រែងរៀនសូត្រ និងយល់ដឹងពីប្រវត្ដិសាស្រ្ដដ៏ជូរចត់របស់ខ្មែរ និងការពារមិនឲ្យមានអំពើនោះកើតឡើងម្ដងទៀតឡើយ។ លើសពីនេះ យើងត្រូវមានភាពសាមគ្គីជាធំ ស្វែងយល់ពីភាពវិជ្ជមាន និងអវិជ្ជមានទាក់ទងនឹងឧក្រិដ្ឋកម្មចាក់ផ្សាយជាសាធារណៈ និងត្រូវអើពើចំពោះទុក្ខធុរៈផ្សេងៗរបស់សង្គម។» ចំណែកឯ ទោង សៀងហៃ ភេទប្រុស អាយុ២២ឆ្នាំ យល់ឃើញថា៖ ខ្ញុំបានរៀនសូត្រព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដដូចជា ការគ្រប់គ្រងប្រទេសដោយខ្មែរក្រហម ដើមហេតុនៃការសម្លាប់ប្រជាជន ការបែងចែកភូមិភាគ និងតំបន់ ព្រឹត្ដិការណ៍នៃការធ្វើទារុណកម្មក្នុងគុកទួលស្លែង ការរស់នៅក្នុងស្ថានភាពលំបាករបស់ប្រជាជន និងការរួចពីរបបប្រល័យពូជសាសន៍។ ខ្ញុំគិតថា ប្រសិនបើឧក្រិដ្ឋកម្មឃោរឃៅកើតឡើងមែនវានឹងបំផ្លាញប្រជាជនជួបនូវគ្រោះទុរភិក្ស ការព្រាត់ប្រាសក្រុមគ្រួសារ ខូចខាតហេដ្ឋារចនាសម្ព័ន្ធ បង្កឲ្យមានក្មេងកំព្រា និងជនពិការ ប្រទេសជាតិជួបបញ្ហាអសន្ដិសុខ ចោរកម្ម អំពើឆក់ប្លន់ ភាពអនាធិបតេយ្យ និងធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះ និងទន់ខ្សោយ។ ក្នុងនាមខ្ញុំជាយុវជនជំនាន់ក្រោយខ្ញុំនឹងចូលរួមទប់ស្កាត់ការកកើតឧក្រិដ្ឋកម្មឃោរឃៅនាពេលអនាគតតាមរយៈ មិនត្រូវមានការរើសអើងទៅលើពូជសាសន៍ ភេទ ពណ៌សម្បុរ និងសាសនា ត្រូវចេះគោរព និងឲ្យតម្លៃគ្នាទៅវិញទៅមក ដោះស្រាយបញ្ហាដោយសន្ដិវិធី និងមិនត្រូវមានសេចក្ដីអំនួតលើខ្លួនឯង។» អត្ថបទនេះ​ត្រូវ​បានចុះផ្សាយក្នុង​កាសែតរស្មីកម្ពុជា https://www.rasmeinews.com/archives/680382
Add photos
Select people & pets
Create an auto-updating album
Select photos
Tip: Drag photos & videos anywhere to upload
Say something
Say something