នៅវេលាម៉ោង១០:៣០នាទីនៅព្រឹកថ្ងៃអង្គារ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្មបាននាំ Dr Steve Hyde ជនជាតិអាមេរិក និងជាគ្រូបង្រៀនសាសនាគ្រឹះបានមកទស្សនាពិព័រណ៍នៅមជ្ឈមណ្ឌលឯកសារកោះថ្ម។
ជាកិច្ចចាប់ផ្តើម ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្មបាននាំ Dr Steve Hyde បានដើរទស្សនាពិព័រណ៌នៃបណ្តុំរូបថត រូបគំនូរ និងផែនទីនៅក្នុងមជ្ឈមណ្ឌលឯកសារកោះថ្ម ដោយចាប់ផ្តើមពីបណ្តុំរូបថតនៃសង្គ្រាមនៅទសវត្សរ៍ឆ្នាំ១៩៦០នៅតំបន់កោះថ្ម, បណ្តុំរូបថតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បណ្តុំរូបថតនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបន្ទាប់ពីរបបខ្មែក្រហមបានដួលរលំនៅថ្ងៃ៧ ខែមករាឆ្នាំ១៩៧៩, បណ្តុំរូបថតភស្តុតាងអំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តិដោយរបបខ្មែរក្រហម (១៩៧៥-១៩៧៩) បណ្តុំរូបគំនូដែលសមមិត្ត ហ៊ុន សែន (សមេ្តចតេជោ ហ៊ុន សែន) និងយុទ្ធមិត្ត៤រូបចាកចេញទៅប្រទេសវៀតណាមដើម្បីរៀបចំកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពតនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងផែនទីបង្ហាញផ្លូវដែលសមមិត្ត ហ៊ុន សែន និងយុទ្ធមិត្ត៤រូបបានចាកចេញពីបន្ទាយយោធានៅភូមិកោះថ្មទៅតំបន់ព្រំដែនអាងដាច់ដើមត្រយឹង (X-16) និងទីតាំងមួយចំនួននៅក្នុងស្រុកឡុកនិញ ខេត្តសុងប៊ែរ ប្រទេសវៀតណាម និងការបង្កើតអង្គភាព១២៥ ដែលជាកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាដំបូងបង្អស់ដើម្បីវាយផ្តួលរំលំរបបប្រល័យពួជសាសន៍ ប៉ុល ពត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨។
កិច្ចបន្ទាប់ Dr Steve Hyde បានមានប្រសាសន៍ថាគាត់ជាគ្រូបង្រៀន និងបានបង្រៀននៅតាមសកលវិទ្យាល័យនានានៅទីក្រុងភ្នំពេញ និងមានសហគមន៍ជនជាតិដើមភាគតិចស្ទៀងនៅស្រុកស្នូល ខេត្តក្រចេះ។ គាត់បន្ថែមថាក្មេងៗស្ទៀងមិនសូវបានចូលរៀនទេ ជនជាតិភាគតិចមិនសូវផ្តល់តម្លៃទៅលើការរៀនសូត្រឡើយ ។ ក្មេងៗជនជាតិដើមភាគតិចស្ទៀងភាគច្រើនជួយម្តាយឪពុកធ្វើស្រែចំការ ។ ខ្ញុំជួយក្មេងៗស្ទៀងប្រហែលជិត១០០នាក់ឲ្យបានចូលរៀនថ្នាក់វិទ្យាល័យ ប៉ុន្តែនៅក្នុង១០០នាក់មានតែ៣-៤នាក់ទេដែលបានរៀនចប់ថ្នាក់វិទ្យាល័យ ហើយបន្តទៅរៀននៅថ្នាក់បរិញ្ញាបត្រមានតែ១នាក់។ ខ្ញុំគិតថាដោយសារកាលពីដើម ជំនាន់ឪពុកម្តាយ ជនជាតិដើមភាគតិចស្ទៀងខុសពីជនជាតិខ្មែរ អត់មានរកស៊ីលក់ដូរនៅក្នុងផ្សារអ្វីទេ អត់ចេះលក់ដូរអ្វីទេ។ ចំណែកដីរបបជនជាតិដើមភាគតិចក៏អត់មានព្រំប្រទល់ មូលហេតុអ្វី? ម្នាក់ៗបានដឹងរួចជាស្រេចថានេះជាដីរបស់ខ្ញុំ ចំណែកនោះជាដីរបសគេ អត់មានរបងព័ទ្ធជុំទេ។ ប្រជាជនជនជាតិដើមភាគតិចស្ទៀងឲ្យតែខ្វះខាតនាំគ្នាចូលក្នុងព្រៃបរបាញ់សត្វព្រៃ ពេលដែលត្រឡប់មកបានសត្វឈ្លូស ប្រើស ជ្រូកនាំគ្នាចែកហូបទាល់តែអស់។ អត់ដែលគិតថាជារបស់ម្នាក់ឯងទេ គឺបានសត្វព្រៃដឹងតែចែកគ្នាអស់មួយភូមិ។
កាលពីមុនមកខ្ញុំធ្លាប់ដើរទៅវៀតណាមឆ្លងកាត់វាលស្រែ ឆ្លងព្រំប្រទលពីស្រុកស្នួលចូលទៅ បើយើងចង់ជិះទៅឡុកនិញគ្មានអ្នកណាថាអីទេ។ កាលពីមុនខ្ញុំជិះទៅមករាល់តែថ្ងៃហ្នឹង គ្មានអីទេ ទោះគ្មានលិខិតឆ្លងដែនក៏ចេញចូលដោយសេរីគ្មានអ្វីទេ។ ពេលជនជាតិស្ទៀងនៅក្នុងតំបន់នេះរៀបការទៅចូលរួមទាំងអស់គ្នា គ្មានអ្នកណាថាអីទេ គេជួយគ្នាទៅវិញទៅមក ព្រោះពួកគេជាបងប្អូនតែមួយគ្រាន់តែរស់នៅក្នុងប្រទេសខុសគ្នា។ ដល់សម័យឥឡូវនេះជនជាតិភាគតិចស្ទៀង មិនហ៊ាននិយាយថាខ្លួនឯងជាជនជាតិដើមភាគតិចស្ទៀងផង ព្រោះខ្លាចគេមើលងាយ។
ជាចុងក្រោយ Dr. Stave Hyde ប្រសាដន៍ថាខ្ញុំបាទពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ដែលបានមកទស្សនៈកិច្ចនៅក្នុងមជ្ឈមណ្ឌលឯកសារកោះថ្ម។ ពេលដែលខ្ញុំបានមកដល់ភ្លាមខ្ញុំបានឃើញការតុបតែងរូបភាព ផ្ទាំងគំនូរ រួមទាំងផែនទី តែខ្ញុំពុំទាន់ដឹងច្បាស់ថារូបភាពដែលតាំងនោះចង់និយាយពីអ្វីនោះទេ។ ក្រោយមកបានលោកឈុំ រ៉ា បុគ្គលិកនៃមជ្ឈមណ្ឌលឯកសារកោះថ្ម បង្ហាញពីផ្ទាំងរូបភាព រូបគំនូរ ផែនទីនីមួយៗ ទើបខ្ញុំបានដឹងអំពីប្រវត្តិសាស្រ្តនៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យបន្ថែមទៀត។ ខ្ញុំសូមអរគុណសម្រាប់ការស្វាគមន៍បានយ៉ាងល្អ លើក្រោយខ្ញុំនឹងនាំក្រុមការងាររបស់ខ្ញុំមកទស្សនកិច្ចនៅមជ្ឈមណ្ឌលឯកសារកោះថ្មម្តងទៀត។