Photos and text by: Phea Raksmey & Thon Sreypich
Date: May 7, 2023
ក្មេងៗជាចៅ ចៅទួតរបស់អ្នករស់រានមានជីវិត ស្វែងយល់ពីទុកលំបាករបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
ក្មេងៗក្រោមអាយុ១៩ឆ្នាំ ដែលមានឪពុកម្តាយមិនធ្លាប់មានបទពិសោធន៍ឆ្លងកាត់របបខ្មែរក្រហម ចំនួន៣២នាក់ (ស្រី២៥នាក់) បានមកចូលរួមក្នុងកម្មវិធីវេទិកាថ្នាក់រៀនចុងសប្តាហ៍ រៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តព្រៃវែង នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។ ក្មេងៗទាំងនោះ គឺជា សិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន កំពង់លាវ និងវិទ្យាល័យ ព្រះអង្គឌួង នៃខណ្ឌ និងខេត្តព្រៃវែង។
តាមរយៈការបំពេញតារាងស្ទាបស្ទង់មតិមុនពេលធ្វើវេទិកា យើងឃើញថា ក្នុងចំណោមក្មេងៗទាំងអស់ ពុំមាននរណាម្នាក់ប្រាប់ថា ខ្លួនមិនធ្លាប់បានដឹង និងឮពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យឡើយ។ ក្នុងនោះ ក្មេងៗចំនួន១៩នាក់ ស្មើនឹង(៥៥.៩%)បាននិយាយថា ខ្លួនបានដឹងពីប្រវត្តិសាស្ត្រនេះ តាមរយៈការសិក្សាពីលោកគ្រូអ្នកគ្រូនៅតាមសាលារៀន ហើយក្មេងៗចំនួន១៤នាក់ ស្មើនឹង(៤១.២%) ផេ្សងទៀត បានប្រាប់ថា ខ្លួនធ្លាប់បានដឹងពីប្រវត្តិសាស្ត្រនេះតាមរយៈការស្តាប់ឮពីជីដូនជីតាដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ មានតែក្មេងម្នាក់គត់ ឬស្មើនឹង(៣%)នៃចំនួនក្មេងៗទាំងអស់ បានឆ្លើយថា ខ្លួនបានដឹងពីប្រវត្តិសាស្ត្រខ្មែរក្រហម តាមរយៈការអាន មើល និងតាមដានប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា ហ្វេសប៊ុក ទស្សនាវដ្តី កាសែត ទូរទស្សន៍ វិទ្យុ គេហទំព័រនានា និងយូធូប។
កម្រិតនៃការយល់ដឹងរបស់ក្មេងៗ ពីប្រវត្តិសាស្ត្រនេះមុនពេលស្តាប់ការធ្វើបទបង្ហាញពីប្រវត្តិសាស្ត្រខ្មែរក្រហម ត្រូវបានបែងចែកជាពីរ (នេះបើតាមតារាងស្ទាបស្ទង់មតិមុនពេលវេទិកា) គឺ៖ ទី១) យល់ដឹងមធ្យម មានចំនួន១៩នាក់ ស្មើនឹង៥៦% និងទី២) យល់ដឹងតិចតួចពីប្រវត្តិសាស្ត្រខ្មែរក្រហម មានចំនួន១៥នាក់ ស្មើនឹង៤៤%។
ចំពោះការយល់ដឹងពីនិយមន័យនៃអំពើប្រល័យពូជសាសន៍វិញ យើងសង្កេតឃើញថា ក្មេងៗបានបង្ហាញពីចម្លើយខុសៗគ្នាតាមការយល់ឃើញរបស់ខ្លួន។ ក្នុងនោះ ក្មេងៗចំនួនច្រើនលើសសុប (ច្រើនជាង៦០%) ឆ្លើយថាអំពើប្រល័យពូជសាសន៍គឺជា «អំពើទាំងឡាយណាដែលប្រព្រឹត្តឡើងក្នុងគោលបំណងបំផ្លិចបំផ្លាញចោលទាំងស្រុង ឬដោយផ្នែក ចំពោះក្រុមជនជាតិ ជាតិពន្ធុ ពូជសាសន៍ ឬក្រុមសាសនា»។
ភ្ជាប់ជាមួយនឹងចំណេះដឹងខាងលើ ក្មេងៗជំនាន់ក្រោយទាំងអស់ក៏ត្រូវបានវាស់ស្ទង់ចំណេះដឹងមុនពេលធ្វើវេទិកាដែរថា តើអ្នកទាំងនោះយល់ដឹងអ្វីខ្លះពីវិធីសាស្ត្រទប់ស្កាត់អំពើប្រល័យពូជសាសន៍។ ក្រោយការបំពេញចម្លើយសម្រាប់សំណួរនេះ ក្មេងៗចំនួនលើសពី៨៨%ឆ្លើយថា ខ្លួនចាំបាច់ត្រូវបដិសេធចំពោះការប្រើប្រាស់អំពើហិង្សា និងដោះស្រាយដោយសន្តិវិធីចំពោះជម្លោះដែលបានកើតមាន។
នៅក្រោយវេទិកាបានបញ្ចប់ តារាងស្ទាបស្ទង់មតិក្រោយវេទិកា ក៏ត្រូវបានធ្វើឡើង ហើយចំណេះដឹងរបស់ក្មេងៗទាំងនោះពីប្រវត្តិសាស្ត្រខ្មែរក្រហម គឺកើនឡើងទាំងអស់គ្នា ឬស្មើនឹង១០០%។ ចំណែកចំណេះដឹងពីវិធីសាស្ត្រក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍វិញ ក៏មិនខុសគ្នា គឺចន្លោះពី៩៦%ទៅ១០០%។