សូត្រ គឹមលន់ ភេទស្រី អាយុ៥៧ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់បច្ចុប្បន្នរស់នៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្នុងរបប លន់ នល់ គឹមលន់ រស់នៅ ទីរួមស្រុកសំរោង ខេត្តតាកែវ។ ចូលដល់របបខ្មែរក្រហមអង្គការបានជម្លៀស គឹមលន់ និងគ្រួសារ ឲ្យទៅរស់នៅភូមិជើងគួន ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ នៅពេលនោះ គឹមលន់ នៅចាំបានថាគាត់មានអាយុប្រមាណ៧ឆ្នាំ ត្រូវរស់នៅក្នុងកងកុមារ ជាមួយកុមារៗដទៃទៀត។ គឹមលន់ ត្រូវធ្វើការងារដូចជាប្រមូលអាចម៍គោ និងលាមកមនុស្សទុកធ្វើជីសម្រាប់ដាក់ស្រែ។
គឹមលន់ ត្រូវងើបទៅធ្វើការតាំងពីម៉ោង៥ទៀបភ្លឺ រហូតដល់ម៉ោង៦ល្ងាចទើបបានសម្រាក(សម្រាក១ ទៅ២ម៉ោងដើម្បីហូបបាយថ្ងៃត្រង់)។
ចំពោះរបបអាហារ គឹមលន់ ទទួលបានបាយ២ពេល ក្នុង១ថ្ងៃ ប៉ុន្តែមានថ្ងៃខ្លះក៏ទទួលបានបបរផងដែរពេលដែលសហករណ៍ខ្វះខាតអង្ករ។ គឹមលន់ រៀបរាប់ថារបបអាហារមិនគ្រប់គ្រាន់ទេនៅគ្រានោះ ចំណែកដំណាំដែលដាំបាននៅមុខផ្ទះក៏គាត់មិនហ៊ានប៉ះហូបទេដែរព្រោះអង្គការបានអប់រំថាជារបស់រួមមិនអាចហូបឯកជនបានទេ។ ប្រសិនបើអង្គការដឹងថាយើងបេះហូបអង្គការចាត់ទុកថាជា «ជនក្បត់» ប្រឈមមុននឹងយកទៅសម្លាប់ចោល។
គឹមលន់ ធ្លាប់ឃើញយោធាខ្មែរក្រហមសម្លាប់មនុស្សផ្ទាល់ភ្នែក ដោយយោធានោះបានវាយមនុស្សនឹងត្បូងចបរួចរុញទម្លាក់ក្នុងរណ្តៅ។ ការរស់នៅក្នុងរបបខ្មែរក្រហម គឹមលន់ និយាយថាពិតជាពិបាកខ្លាំងណាស់ទាំងការងារ និងការហូបចុក។ គឹមលន់ ក៏ធ្លាប់ឃើញកូនក្មេងតូចៗត្រូវបានសម្លាប់ដោយបោកនឹងគល់ឈើផងដែរ។
សម្ភាន៍ និងអត្ថបទដោយ ផុន សាវ៉ាន់