ពិធីសម្ពោធចេតីយ៍រំឭកវិញ្ញាណក្ខន្ធជនរងគ្រោះពីរបបខ្មែរក្រហម នៅភូមិចំការសាមសិប
ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម
ដោយ មេន នឿន និងអេង វណ្ណនីកា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ សមាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងមជ្ឈមណ្ឌលឯកសារកម្ពុជា រៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សំណង់ចេតីយ៍រំឭកវិញ្ញាណក្ខន្ធជនរងគ្រោះពីរបបខ្មែរក្រហម និងការចងចំាអំពីប្រវត្តិ សាស្រ្តខ្មែរក្រហមនៅកណ្ដាលវាលស្រែនៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ កម្មវិធីពិធី សម្ពោធសំណង់ចេតីយ៍មានការចូលរួមដោយលោក សៀង ស៊ីផាន ក្រុមប្រឹក្សាឃុំគគរ លោកស្រី នែនស៊ី អ៊ីសស្លីក ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅឃុំគគរ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។
ជាកិច្ចចាប់ផ្ដើម លោក សៀង ស៊ីផាន ក្រុមប្រឹក្សាឃុំគគរ ថ្លែងអំពីសារៈសំខាន់ការចងចាំប្រវត្តិសាស្រ្តខ្មែរក្រហម។ លោក ស៊ីផាន រំឭកអំពីរឿងរ៉ាវដែលខ្លួនបានឆ្លងក្នុងរបបខ្មែរក្រហម ការលំបាករួមមានការឃ្លាតឆ្ងាយពីគ្រួសារ ការអត់ឃ្លាន និងការកាប់សម្លាប់។ លោក ស៊ីផាន បានបញ្ជាក់ថា៖ «រឿងរ៉ាវរបស់ខ្ញុំ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិចំការសាមសិបគឺត្រូវបានរំឭកនៅទីតាំងចេតីយ៍ដែលជាទីតាំងប្រវត្តិសាស្រ្ត។» លោក ស៊ីផាន ថ្លែងអំណរគុណដល់ម្ចាស់ជំនួយគឺទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ដែលបានសាងសង់ចេតីយ៍នេះ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានរៀបចំកម្មវិធីពិធីសម្ពោធនេះឡើង។
លោកស្រី នែនស៊ី អ៊ីសស្លីក ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ថ្លែងការពេញចិត្ត និងគាំទ្រចំពោះការផ្ដួចផ្ដើមគំនិតក្នុងការសាងសង់ចេតីយ៍រំឭកវិញ្ញាណក្ខន្ធជនរងគ្រោះពីរបបខ្មែរក្រហមនៅក្នុងមូលដ្ឋាន។
លោក តុង សុភា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាតំណាងសមាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិគគរ ថ្លែងថា៖ «ថ្ងៃនេះគឺជាថ្ងៃដ៏មានសារៈសំខាន់ចំពោះខ្ញុំ និងអ្នកភូមិចំការសាមសិប ក្នុងការដាក់សម្ពោធសំណង់ចេតីយ៍រំឭកវិញ្ញាណក្ខន្ធជនរងគ្រោះពីរបបខ្មែរក្រហម។ ចេតីយ៍នេះគឺជាទីតាំងរំឭកអំពីប្រវត្តិរឿងរ៉ាវអំពីការរស់នៅក្នុងរបបខ្មែរក្រហម តាមរយៈសកម្មភាពរំឭកដល់អ្នកដែលបានស្លាប់នៅក្នុងរបបខ្មែរក្រហម និងការចងចាំអំពីរឿងរ៉ាវទុកលំបាករបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ខ្ញុំ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិចំការសាមសិប ឃុំគគរ បន្តចូលរួមផ្ដួចផ្ដើមគំនិត និងចែករំលែករឿងរ៉ាវរបស់ខ្លួនដែលបានឆ្លងកាត់ទៅដល់ក្មេងជំនាន់ក្រោយ ដើម្បីកុំអោយរបបខ្មែរក្រហមវិលត្រឡប់មកវិញ។ ជាចុងក្រោយ ខ្ញុំបាទ តំណាងសមាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែក្រហមនៅភូមិចំការសាមសិប សូមគោរពថ្លែងអំណរគុណដល់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលបានឧបត្ថម្ភក្នុងការសាងសង់ចេតីយ៍ និងមជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រុមការងារ ដែលបានគាំទ្រដល់គំនិតផ្ដួចផ្ដើមនេះអោយបានកើតចេញឡើងជារូបរាង។ សូមអរគុណដល់អ្នកស្ម័គ្រចិត្តកម្ពុជា ដែលបានចុះជួបជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងយកចិត្តទុកដាក់លើសុខភាពរបស់គាត់។»
បន្ទាប់ពីការថ្លែងសន្ទរកថា គណៈអធិបតី លោកតាលោកយាយ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ចូលរួមបង្វិលពពិលនៅជុំវិញចេតីយ៍ចំនួន៣ជុំ ការប្រគេនទេយ្យទានដល់ព្រះសង្ឃ និងសូត្រមន្ដបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះពីរបបខ្មែរក្រហម។
ពិព័រណ៍រូបថតអំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
នៅវេលាម៉ោង៣:៣០នាទីរសៀល អ្នកស្ម័គ្រចិត្តកម្ពុជា ជំនាន់ទី៣ ប្រចាំខេត្តកំពង់ចាម រៀបចំបង្កើតឡើងពិព័រណ៍រូបភាពអំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ការចាប់ផ្ដើមការសាងសង់សំណង់ចេតីយ៍ និងសកម្មភាពការងាររបស់ស្ម័គ្រចិត្តកម្ពុជាចុះជួបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅមូលដ្ឋាន។ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃអនុវិទ្យាល័យគគរ និងអ្នកភូមិជាច្រើនបានចូលទស្សនា។ ខាងក្រោមនេះគឺជាទស្សនៈយល់ឃើញរបស់អ្នកចូលរួម៖
អ៊ំប្រុស អៀង សារឿន យល់ថា៖ «ការដាក់តាំងបង្ហាញរឿងរ៉ាវរបស់អ្នកដែលបានឆ្លងកាត់របបខ្មែរក្រហម បានរំឭកដល់ខ្ញុំអំពីការចងចាំមិនអាចបំភ្លេចបាននៃការបាត់បង់សាច់ញាតិ ការលំបាក និងការកាប់សម្លាប់នៅក្នុងរបបខ្មែរក្រហម។ វាមានសារៈសំខាន់ណាស់ដើម្បីអោយក្មេងជំនាន់ក្រោយកាន់តែយល់ពីប្រវត្តិសាស្រ្តនេះ។»
លោកយា មុយ ហ៊ាង លើកឡើងថា៖ «នៅពេលខ្ញុំឃើញរូបភាព និងរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមផ្សេងទៀត ខ្ញុំនឹកឃើញដល់ពេលវេលាលំបាកដែលខ្ញុំធ្វើការនៅកងចល័តនារីនៅក្នុងរបបខ្មែរក្រហម។»
លោកគ្រូ រស់ បញ្ញា បង្រៀនមុខវិទ្យាប្រវត្តិសាស្រ្តនៅអនុវិទ្យាល័យភូមិថ្មី បង្ហាញចំណាប់អារម្មណ៍ថា៖ ការដាក់តាំងពិព័រណ៍នៅទីតាំងចេតីយ៍នេះ គឺល្អខ្លាំងណាស់ដើម្បីផ្ដល់ការយល់ដឹងពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមបន្ថែមទៀត ដើម្បីរំលឹកដល់ប្រជាជនកម្ពុជាដែលបានស្លាប់នៅក្នុងរបបខ្មែរក្រហម។ ខ្ញុំស្នើសុំឲ្យមានការដាក់តាំងពិព័រណ៍បែបនេះបន្តទៀត ។ ខ្ញុំនឹងដឹកនាំសិស្សមកធ្វើទស្សនាកិច្ចនៅទីតាំងចេតីយ៍រំឭកនេះនាពេលអនាគត។
ការចាក់បញ្ចាំងវីដេអូឯកសារ «កុំស្មានបងភ្លេច: ខ្មែរបាត់បង់តន្រ្តី រ៉ក់ អេន រ៉ូល»
ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំការចាក់បញ្ចាំងវីដេអូឯកសារ ចំណងជើងថា «កុំស្មានបងភ្លេច» ដែលបង្ហាញអំពីតន្រ្តី វប្បធម៌ និងប្រវត្តិសាស្រ្តកម្ពុជា។ ការបញ្ចាំងវីដេអូឯកសារនេះ គឺធ្វើឡើងនៅកណ្ដាលវាលស្រែជិតទីតាំងចេតីយ៍រំឭកវិញ្ញាណក្ខន្ធជនរងគ្រោះពីរបបខ្មែរក្រហម ដោយមានការចូលរួមទស្សនារបស់អ្នកភូមិចំការសាមសិបជាច្រើន។ ការបញ្ចាំងវីដេអូឯកសារនេះចាប់ផ្ដើមពីវេលាម៉ោង៦:៣០នាទីល្ងាចដល់វេលាម៉ោង៨:៣០នាទីយប់។
Photo by CamboCorps Volunteers, Batch III
February 17, 2022
Documentation Center of Cambodia Archives