DC-Cam Community Education Forum. Takeo Documentation Center. February 18, 2023
Jan 17 – Feb 18, 2023
Documentation Center of Cambodia (Owner)
Touch Vannet
Chimi Aris
វេទិកាអប់រំសហគមន៍ នៅវត្តខ្នារកកោះ ភូមិតាសៃ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ របាយការណ៍៖ ផេង ពង្សរ៉ាស៊ី វេទិកាអប់រំសហគមន៍ស្តីពីការចងចាំប្រវត្តិសាស្ត្រខ្មែរក្រហម ដែលជាការរៀបចំដោយមជ្ឈមណ្ឌលឯកសារខេត្តតាកែវ ក្រោមកិច្ចសហការពីអាជ្ញាធរមូលដ្ឋានឃុំដូងខ្ពស់ និងគណៈកម្មការវត្តខ្នារកកោះ ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវត្តខ្នារកកោះ ភូមិតាសៃ ឃុំដូងខ្ពស់ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីព្រះសង្ឃ អាចារ្យ គណកម្មការវត្ត និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម១៦នាក់ និងសិស្សានុសិស្សមកពីវិទ្យាល័យ សុខអាន ដូងខ្ពស់ ចំនួន២០នាក់។ គោលបំណងនៃការប្រារព្ធធ្វើវេទិកាអប់រំនេះ គឺដើម្បីបង្កើតឲ្យមានការពិភាក្សាអន្តរជំនាន់ស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម និងការទប់ស្កាត់អំពើហិង្សានៅកម្រិតបុគ្គលនិងសហគមន៍។ បន្ថែមពីនេះទៀត វេទិកានេះក៏បានពិភាក្សាដែរពីបញ្ហាប្រឈមដែលកំពុងតែកើតមាននៅក្នុងសហគមន៍នាពេលបច្ចុប្បន្ន។ ការជ្រើសរើសទីតាំងសម្រាប់ធ្វើវេទិកា ក្រុមការងារ ត្រូវបានណែនាំឲ្យជ្រើសរើសទីតាំងបរិវេណវត្តខ្នារកកោះដើម្បីធ្វើវេទិកា ព្រោះថាទី១) បរិវេណវត្តនេះមានសភាពធំទូលាយ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើវេទិកា និងទី២) វត្តនេះមានប្រវត្តិធ្លាប់ត្រូវបានប្រើប្រាស់ធ្វើជាមន្ទីរពេទ្យខ្មែរក្រហមក្នុងអំឡុងដើមទសវត្សរ៍ឆ្នាំ១៩៧០ ហើយព្រះវិហារចាស់ទ្រុឌទ្រោមត្រូវបានប្រើប្រាស់ជាកន្លែងដាក់អំបិលក្នុងរបបខ្មែរក្រហម។ ខាងក្រោមនេះ ជាប្រវត្តិត្រួសៗពីវត្តខ្នារកកោះ៖ ព្រះវិហារវត្តខ្នារកកោះ ស្ថិតនៅក្នុងភូមិតាសៃ ឃុំដូងខ្ពស់ ស្រុកបូរីជលសា ខេត្តតាកែវ នៅតែបន្សល់ទុកស្លាកស្នាមដែលត្រូវបានបំផ្លិចបំផ្លាញដោយខ្មែរក្រហមរហូតមកដល់សព្វថ្ងៃនេះ។ អ្នកភូមិ ពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងគណៈកម្មការវត្តខ្នារកកោះ បានបោះបង់ព្រះវិហារនេះចោលមួយអន្លើរ ហើយបាននិងកំពុងកសាងព្រះវិហារថ្មីសន្លាងមួយស្ថិតនៅក្បែរព្រះវិហារចាស់ប្រមាណ២០ម៉ែត្រ ដោយសារតែព្រួយបារម្ភពីការបាក់ស្រុតនៃអគារព្រះវិហារនេះ។ នៅខាងក្នុងព្រះវិហារចាស់ទ្រុឌទ្រោមមួយនេះ មានបន្សល់ទុកព្រះពុទ្ធបដិមាធ្វើពីស៊ីម៉ង់ត៍ធំមួយភ្នែន និងក្តារមឈូសបាក់បែកធ្វើពីឈើមួយស្ថិតនៅពីក្រោយបល្ល័ង្គព្រះ។ ជើងសសរទាំងអស់ដែលទ្រតួព្រះវិហារទាំងមូល មានសភាពប្រេះស្រាំខ្លាំង និងបែកជាបំណែកៗ។ ព្រះតេជគុណចៅអធិការវត្ត និងគណៈកម្មការវត្តបានប្រាប់ឲ្យដឹងថា សភាពប្រេះស្រាំទាំងនេះគឺបណ្តាលមកពីជាតិប្រៃនៃអំបិលដែលខ្មែរក្រហមបានស្តុកទុកកាលពីរជ្ជកាលគ្រប់គ្រងដោយ ប៉ុល ពត។ ជញ្ជាំងព្រះវិហារទាំងបួនទិស ក៏ត្រូវបានបាក់ស្រុត និងរបេះដោយដុំៗ។ គំនូរពណ៌នៅតាមជញ្ជាំង និងដំបូល គឺនៅមានសភាពស្រស់ស្អាត ចម្រុះពណ៌ និងច្បាស់ៗ។ ក្រៅពីប្រើប្រាស់ជាឃ្លាំងអំបិល ខ្មែរក្រហមបានប្រើប្រាស់អគារព្រះវិហារនេះជាមន្ទីរពេទ្យ និងកន្លែងដាក់អ្នកជំងឺទៀត។ មិនមានអ្នកជំងឺស្លាប់នៅក្នុងព្រះវិហារនេះច្រើនទេ ហើយសាកសពទាំងនោះត្រូវបានសែងចេញយកទៅកប់ចោលនៅបរិវេណមួយដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីតាំងព្រះវិហារ។ ក្រោយឆ្នាំ១៩៧៩ ផ្នែកខ្លះនៃព្រះវិហារ ត្រូវបានជួសជុលឡើងវិញ ដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនាដែលទើបងើបឡើងវិញបន្ទាប់ពីការបំផ្លិចបំផ្លាញរបស់ខ្មែរក្រហម។ បើតាមប្រវត្តិរបស់វត្តខ្នារកកោះដែលរៀបរាប់ដោយព្រះចៅអធិការបានឲ្យដឹងថា បរិវេណវត្តនេះត្រូវបានបង្កើតឡើងនៅលើទីទួលមួយកន្លែងកាលពីឆ្នាំ១៨០៦ ហើយមកដល់ពេលបច្ចុប្បន្នមានអាយុកាល២១៧ឆ្នាំ គ្រប់គ្រងដោយព្រះគ្រូចៅអធិការ១៥ជំនាន់រួចមកហើយ។ សកម្មភាពនៃការធ្វើវេទិកា លោក វ៉ាន់ ចន្ថន ជាអនុប្រធានសាងសង់វត្តខ្នារកកោះ ដែលជាអ្នកសម្របសម្រួលក្នុងកម្មវិធីវេទិកានេះ បានអញ្ជើញលោក ទេស ណាវី ជាក្រុមប្រឹក្សាឃុំដូងខ្ពស់ ឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងបើកវេទិកា។ លោកក្រុមប្រឹក្សា បានប្រាប់ពីមូលហេតុនៃការប្រារព្ធធ្វើវេទិកានៅពេលនេះថា ជាការបង្កើតកិច្ចពិភាក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហម និងបានលើកទឹកចិត្តអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចែករំលែករឿងរ៉ាវជីវិតរបស់ខ្លួនប្រាប់ដល់ក្មេងៗជំនាន់ក្រោយដើម្បីការចងចាំ ព្រមទាំងបានលើកទឹកចិត្តដល់ក្រុមយុវជនទាំងអស់ ឲ្យយកចិត្តទុកដាក់ស្តាប់ និងកត់ត្រាពីព្រឹត្តិការណ៍សំខាន់ៗដែលបានកើតមានលើជីវិតផ្ទាល់ខ្លួនរបស់អ្នករស់រានមានជីវិតម្នាក់ៗ។ ព្រះតេជគុណអនុគុណស្រុកបូរីជលសារ សយ វុទ្ធី បានផ្តាំផ្ញើបន្ថែមដល់ប្អូនៗយុវជនទាំងអស់ ឲ្យត្រង់ត្រាប់ស្តាប់ការពន្យល់ និងការចែករំលែកបទពិសោធន៍ឆ្លងកាត់របបខ្មែរក្រហមពីសំណាក់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ផេង ពង្សរ៉ាស៊ី ជានាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានពន្យល់ត្រួសៗពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងបានសង្ខេបពីដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីជាចំណេះដឹងបន្ថែមដល់សិស្សានុសិស្ស និងអ្នករស់រានមានជីវិត។ រ៉ាស៊ី បានបន្ថែមថា ការលើកឡើងពីមាតិកាប្រវត្តិសាស្ត្រនៅពេលនេះ គឺគ្រាន់តែជាចំណេះដឹងទូទៅស្តីពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហមប៉ុណ្ណោះ។ ចំណែករឿងរ៉ាវពិតដែលបានកើតឡើងនៅក្នុងភូមិតាសៃ គឺជាបទពិសោធន៍ជាក់ស្តែងដែលអ្នករស់រានមានជីវិតពីរបបនេះបានជួបប្រទះដោយផ្ទាល់ ហើយបទពិសោធន៍នេះ នឹងត្រូវបានចងចាំដោយក្មេងៗជំនាន់ក្រោយដែលត្រូវជាចៅ ចៅទួតរបស់អ្នកទាំងនោះ។
Add photos
Select people & pets
Create an auto-updating album
Select photos
Tip: Drag photos & videos anywhere to upload
Say something
Say something