ស៊ុំ ទីន និងប្រពន្ធឈ្មោះ វ៉ាន់ វី បានរៀបរាប់ពីប្រវត្ដិនៃការមកដល់តំបន់អន្លង់វែងដូចតទៅ៖
នៅក្នុងឆ្នាំ១៩៩៨ ខ្ញុំបានធ្វើដំណើរជាមួយប្រពន្ធ ព្រមទាំងកូនចំនួន៥នាក់ ចេញពីខេត្ដសៀមរាប ជាមួយនឹងអតីតកងទ័ពខ្មែរក្រហម ដើម្បីរកបងប្អូននៅតំបន់អន្លង់វែង។ ខ្ញុំបានជិះរថយន្ដឈ្នួលមកដល់អូរបៃតាប់ នៃឃុំស្រែណូយ រួចក៏បន្ដដំណើរដោយថ្មើរជើងមកកាន់តំបន់អន្លង់វែង។ ខ្ញុំបានបណ្ដើរកង់កញ្ចាស់មួយ និងសម្ភារៈមួយចំនួន ដូចជា ឆ្នាំងបាយ និងកន្ទេល ជាមួយនឹងប្រពន្ធកូន ហើយមានអតីតកងទ័ពខ្មែរក្រហមចំនួន៤នាក់ជាអ្នកនាំផ្លូវ។ នៅពេលនោះមេឃកំពុងធ្លាក់ភ្លៀងខ្លាំងណាស់ស្ទើរពេញមួយយប់។ កងទ័ពខ្មែរក្រហមចំនួន២នាក់ បានមានក្ដីអាណិតមកលើកូនៗរបស់ខ្ញុំ ដោយបានយកអង្រឹងចំនួន២ និងតង់កៅស៊ូចំនួនមួយ ដើម្បីឱ្យយើងជ្រកភ្លៀង។ ដោយសាររងារពេក កូនរបស់ខ្ញុំបានញ័រញាក់ និងអង្គុយទល់ភ្លឺ។ នៅព្រឹកថ្ងៃបន្ទាប់ យើងក៏បានធ្វើដំណើរបន្ដទៅកាន់តំបន់ព្រៃស្អាកនៅលើផ្លូវថ្មើរជើង និងឆ្ពោះទៅកាន់តំបន់អណ្ដូងបីចាស់ (ខាងកើតផ្លូវថ្មី) ដើម្បីទៅដល់អន្លង់វែង។ យើងបានធ្វើដំណើរជាច្រើនថ្ងៃដោយថ្មើរជើងកាត់តាមផ្លូវអណ្ដូងបីចាស់នោះទម្រាំដល់គោលដៅ។ នៅពេលទៅដល់អន្លង់វែង ខ្ញុំបាន បន្ដដំណើរទៅកាន់តំបន់អូរស្រឡៅ តាមការនាំផ្លូវពីអតីតខ្មែរក្រហមម្នាក់ (បានស្លាប់) ដើម្បីរកដីធ្លីធ្វើចម្ការ បន្ទាប់ពីបានរស់នៅផ្ទះមួយខ្នងរបស់ប្រជាជននៅអន្លង់វែងរយៈពេលមួយខែ។ ប្រជាជនដែលបានទៅរកដីធ្លីនៅតំបន់អូរស្រឡៅនៅពេលនោះ មានចំនួនត្រឹមតែប្រមាណតែ៥គ្រួសារប៉ុណ្ណោះ។
នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ យើងបានកាប់ឆ្ការព្រៃបន្ដិចម្ដងៗដើម្បីដាំស្រូវ ហើយនៅពេលនោះយើងបានជួបនូវចម្រូងដែកជាច្រើនដែលបានកប់នៅក្នុងដី។ ប្រជាជនមួយចំនួនថែមទាំងបានយកចម្រូង ទាំងនោះ ទៅប្រើប្រាស់ជំនួសដែកគោលដើម្បីធ្វើផ្ទះទៀតផង ដោយសារមានការខ្វះខាតគ្រឿងសម្ភារៈ និងផ្លូវពិបាកធ្វើដំណើរដ៏លំបាក។ យើងបានធ្វើដំណើរនៅតាមផ្លូវតូចមួយខ្សែដែលភ្ជាប់ពីទីរួមស្រុកអន្លង់វែង ទៅកាន់អូរស្រឡៅ ដោយហ៊ុមព័ទ្ធទៅដោយព្រៃឈើដ៏ក្រាស់និងលំបាកលំបិន។ ខ្ញុំតែងតែបណ្ដើរកង់កញ្ចាស់មួយរបស់ខ្ញុំ ដើម្បីទៅដឹកជញ្ជូនជ័រទឹកយកទៅលក់ឱ្យឈ្មួញនៅទីផ្សារអន្លង់វែង និងត្រឡប់មកវិញជាមួយនឹងស្បៀង ដូចជា អង្ករ អំបិល និងគ្រឿងសម្ភារៈប្រើប្រាស់ផ្សេងៗជាដើម។ ក្រៅពីនេះ ខ្ញុំតែងតែប្រើប្រាស់កង់របស់ខ្ញុំ ដើម្បីដឹកកូនៗរបស់ខ្ញុំដែលឈឺអាសន្នដោយសារជំងឺគ្រុនចាញ់ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង (អតីតមន្ទីរពេទ្យតាម៉ុក)។
ដើមឡើយ ប្រជាជនក្នុងភូមិអូរស្រឡៅមានមុខរបរចម្បងទៅលើការធ្វើចម្ការ នេសាទត្រី និងដួសជ័រទឹកយកទៅលក់ឱ្យឈ្មួញនៅទីរួមស្រុកអន្លង់វែង។ ជ័រចុងមួយកានដែលមានចំណុះ៣០លីត្រមានតម្លៃប្រមាណជា៥ពាន់រៀល ដោយយើងត្រូវធ្វើដំណើរជិតមួយថ្ងៃដើម្បីទៅមកនៅឯទីរួមស្រុកអន្លង់វែង។
ដោយសារមិនមានផ្លូវធ្វើដំណើរបានងាយស្រួល ព្រមទាំងស្ពានផងនោះ ប្រជាជនក្នុងតំបន់អូរស្រឡៅ តែងជួបប្រទះនូវការលំបាកខ្លាំងក្នុងរដូវវស្សា ដោយសារទឹកជំនន់បានជន់លិចទៅលើដើមគគីមួយដើមដែលមានមុខកាត់ប្រហែលជាងមួយម៉ែត្រ ហើយដួលកាត់ទទឹងអូរ ដែលជាស្ពានចម្លងប្រជាជនទៅកាន់ច្រាំងម្ខាងទៀត។ នៅពេលមានជំងឺអាសន្នខាងលើ ប្រជាជនតែងតែនាំគ្នាតោងខ្សែពួរ ឬតោងដៃគ្នា ដើម្បីបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។ បញ្ហាទាំងនេះ ក៏នៅបន្ដរហូតមកទល់នឹងពេលបច្ចុប្បន្នដែរ។
ក្នុងគ្រាដំបូងដែលខ្ញុំមកដល់តំបន់អូរស្រឡៅ ក្រុមគ្រួសាររបស់ខ្ញុំតែងតែប្រកាន់ខ្ជាប់នូវជំនឿពីបុរមបូរាណ ដោយប្រើប្រាស់ភ្នក់ភ្លើង ដើម្បីការពារខ្លួនពីសត្វកាចសាហាវទាំងឡាយដែលមាននៅក្នុងព្រៃជ្រៅ។ ខ្ញុំមិនធា្លប់ឃើញរូបរាងដូចជាសត្វខ្លា រមាំង ខ្ទីង និង ដំរី ផ្ទាល់នោះទេ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ដានជើងសត្វទាំងនោះក៏មាននៅក្នុងតំបន់អូរស្រឡៅដែរ។ សត្វដែលសម្បូរជាងគេនៅពេលនោះ គឺជ្រូកព្រៃ ហើយវាបានបំផ្លាញផលដំណាំរបស់យើងស្ទើរតែទាំងស្រុង។