ស្ថានភាពទឹកជំនន់នៅស្រុកបុរីអូរស្វាយសែនជ័យ
រូបភាព និងអត្ថបទដោយ ស្រេង លីដា អ្នកស្ម័គ្រចិត្តកម្ពុជា ប្រចាំខេត្តស្ទឹងត្រែង
នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ស្ថានភាពអាកាសធាតុនៅស្រុកបុរីអូរស្វាយ សែន ជ័យ នៅតែមិនមានភាពល្អប្រសើរ ខណៈពេលដែលកម្ពស់ទឹកទន្លេមេគង្គលើបន្តកើនឡើងគួរអោយព្រួយបារម្ភ ដោយសារតែការបន្តធ្លាក់ទឹកភ្លៀងជាបន្តបន្ទាប់។ ការកើនឡើងកម្ពស់ទឹកទន្លេមេគង្គលើ ធ្វើឲ្យលិចលង់ផ្នែកខ្លះនៃស្រុកបុរីអូរស្វាយ សែន ជ័យ ដែលបណ្ដាលឲ្យប្រជាពលរដ្ឋនៅតំបន់លិចទឹកត្រូវបានជម្លៀសមកកាន់ទីទួលមានសុវត្ត្តិភាព។ ទឹលជំនន់នាដូវវស្សានេះ មានផលប៉ះពាល់ដល់ដំណាំស្រូវរបស់អ្នកភូមិ ផ្លូវថ្នល់បានលិចលំបាកធ្វើដំណើរ និងដឹកជញ្ជូនត្រីគោក្របីទៅកាន់ទីផ្សារ។
លោកពូ តៃ បានមានប្រសាសន៍ថា ខ្ញុំតែងតែឆ្លងទឹកនេះដើម្បីទៅទិញសត្វគោក្របីពីអ្នកភូមវើនសៀនជា រៀងរាល់ថ្ងៃ។ បន្ទាប់ពីលិចផ្លូវនេះ ក្នុងមួយថ្ងៃខ្ញុំចំណាយ ៣,០០០៛ ទៅឲ្យអ្នកចម្លងទូក។
លោកតា ណុត អូន បាននិយាយថា បើមេយនៅតែបន្តភ្លៀងទឹកនៅតែបន្តឡើងដូច្នេះមិនយូរទេ ទឹកទន្លេរមេគង្គនឹងឡើងលិចភូមិជាមិនខាន នៅប្រហែល ១ម៉ែត្រទៀតតែប៉ុណ្ណោះនឹងលិចភូមិហើយ។
លោក សេង កិន អាយុ២៩ឆ្នាំ ជាអ្នកចម្លងទូកបាន រៀបរាប់ថា ខ្ញុំជាអ្នកចម្លងទូកនៅចំណុចអូរខេ។ ភាគច្រើនអតិថិជនរបស់ខ្ញុំជាអ្នកមកពីភូមិវើនសៀន។ ដោយមើលឃើញពីការលំបាករបស់អ្នកភូមិក្នុងការឆ្លងទឹកទៅមន្ទីរពេទ្យ និងទៅវត្តនៅរដូវកាលបុណ្យភ្ជុំបិណ្ឌនេះទើបខ្ញុំសម្រេចចិត្តរត់ទូកបែបនេះ។ ជាថ្នូរ និងអ្វីដែលខ្ញុំបានជួយអ្នកភូមិ ខ្ញុំបានសម្រេចចិត្តយកប្រាក់កម្រៃក្នុងម៉ូតូមួយគ្រឿងខ្ញុំយក ១៥០០៛ក្នុងមួយជើង។ ក្នុងមួយថ្ងៃខ្ញុំរកចំណូលបានចន្លោះពី ៨ម៉ឺនទៅ ១៥មុឺនរៀលក្នុងមួយថ្ងៃ។
លោក សៅ ធារា ជាអ្នករស់នៅភូមិកោះល្ងបាននិយាយថា អ្នកភូមិកោះល្ងមួយចំនួនបានភៀសខ្លួនទៅនៅទីទួលសុវត្ថិភាពហើយ ដោយខ្លាចទំនប់នៅពីលើកោះនេះប្រហែលមួយគីឡូដីបាក់មក។